Tuesday, February 1, 2011

តំលៃប្រេងឥន្ធនៈឡើង ធ្វើឱ្យទំនិញផ្សេងៗឡើងថ្លៃ ទីភ្នាក់ងារថាមពលអន្តរជាតិថាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច

ពេល​នេះ​ជីវ​ភាព​សង្គម​បាន​ប៉ះ​ពាល់​បណ្តើរ​ៗ​ហើយ​ ដោយ​សារ​តែ​ទំនិញ​​សព្វ​សារ​ពើ​បាន​​និង​កំពុង​​ឡើង​ថ្លៃ ។ អ្នក​​ប៉ះ​ពាល់​​ដំបូង​គេ គឺ​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នេះ​ឯង​ដែល​លំបាក និង​រស់​មួយ​ថ្ងៃ​​សំរាប់​​មួយ​ថ្ងៃ​ចំពោះ​អ្នក​រក​ចំណូល​បាន​ពី​​៥.០០០​រៀល ​ទៅ​ជាង​១​ម៉ឺន​រៀល ​ហើយ​ក៏​លំបាក​សំរាប់​អ្នក​រក​បាន​ចំណូល​ដែល​ខ្ពស់​ជាង​នេះ​បន្តិច​បន្តួច ព្រោះ​តែ​មិន​មាន​តុល្យ​ភាព​​រវាង​​ចំណូល និង​ការ​ចំណាយ ។ ​បញ្ហា​​ចោទ​ធ្ងន់​ធ្ងរ​ដោយ​សារ​ទំនិញ​ឡើង​ថ្លៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ ថា បន្ទាប់​​ពី​តំលៃ​​ប្រេង​ឥន្ធនៈ​បាន​ឡើង​ថ្លៃ​មិន​ឈប់​ឈរ ។ តំលៃ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​បាន​បង្ហាញ​ថា ១​លីត្រ​​សំរាប់​សាំង​ស៊ុប​ពែរ ៤.៩០០​រៀល និង​សាំង​ធម្ម​តា​៤.៥០០​រៀល ឬ​៤.៦០០​រៀល ​ខណៈ​ប្រេង​ម៉ាស៊ូត​១​លីត្រ​តំលៃ​ចាប់​ពី​៤.១០០​​រៀល​ទៅ​៤.២០០​រៀល ។ មិន​មែន​តែ​ប្រេង​ទេ​ដែល​​​ឡើង​ថ្លៃ ​តំលៃ​ឧស្ម័ន​ក៏​បាន​ឡើង​ថ្លៃ​ដែរ ដែល​ក្នុង​១​ធុង​​១៥​គីឡូ​ក្រាម​ថ្លៃ​ពី​១៩​ដុល្លារ​ទៅ​២០​ដុល្លារ ។
គួរ​​កត់​សំគាល់​ថា ​តំលៃ​ប្រេង​ជាប់​ឯតទគ្គ​កម្ម​​បាន​​ឡើង​ថ្លៃ​​ រហូត​ដល់​ប្រេង​សាំង​១​លីត្រ​​​​ថ្លៃ​៥.៧០០​រៀល និង​ឧស្ម័ន​១​ធុង​ថ្លៃ​៣៥​​​ដុល្លារ​ទៅ​៣៦​ដុល្លារ ។ បើ​ក្រឡេក​​មើល​ទៅ​ទី​​ផ្សារ​អន្តរ​ជាតិ​វិញ តំលៃ​ប្រេង​​ឆៅ​ហាក់​​បាន​ចុះ​បន្តិច​គិត​ត្រឹម​ថ្ងៃ​ទី​៥ មករា ដែល​ក្នុង​១​ធុង ឬ​១​បារ៉ែល ​តំលៃ​៨៩,២៩​ដុល្លារ​ និង​​ឧស្ម័ន​​ថ្លៃ​៤,៦​ដុល្លារ មួយ​លាន BTU ។ ជា​ទូ​ទៅ​ កង្វល់​ពី​តំលៃ​ប្រេង​​ឥន្ធនៈ​​ជា​បញ្ហា​ចៀស​មិន​ផុត​ ហើយ​បើ​តាម​ការ​ទស្សន៍​ទាយ​​ថា នឹង​គ្មាន​​ស្រក​ស្រុត​ច្រើន​ទេ និង​ឡើង​វិញ​រហូត​​ដល់​ជាង​១០០​ដុល្លារ​ក្នុង​១​ធុង ឬ​១​បារ៉ែល ។
សម្តេច​តេជោ​នាយក​​រដ្ឋ​​មន្ត្រី​ធ្លាប់​បាន​ព្រមាន​ ដល់​ក្រុម​ហ៊ុន​រុក​រក​ប្រេង​ឆេវ​​រុន ​ក្នុង​ការ​យឺត​យ៉ាវ​មិន​អាច​ទាញ​ផល​ពី​ប្រេង​កាត​ដែល​រុក​រក​ឃើញ ​ដោយ​បាន​កំណត់​ឱ្យ​មាន​ការ​យក​ផល​ប្រេង​កាត​មក​ប្រើ​ប្រាស់​​ឱ្យ​បាន​ក្នុង ​ឆ្នាំ​២០១២ ហើយ​តាម​ប្រភព​ព័ត៌​មាន​ថា ក្រុម​ហ៊ុន​បាន​ទទួល​សំរាប់​​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​ហើយ ។ ​នេះ​ជា​ក្តី​សង្ឃឹម​តែ​មួយ​​គត់​​ដែល​ថា តំលៃ​ប្រេង​ឥន្ធនៈ​​ក្នុង​ស្រុក​​អាច​មាន​កំរិត​ប្រហាក់​ប្រហែល​តំលៃ​ប្រេង​ ​របស់​ប្រទេស​ថៃ​និង​វៀត​ណាម​ដែល​បច្ចុ​ប្បន្ន​មាន​កំរិត​​ទាប​ជាង​កម្ពុជា ។ ទោះ​បី​ជា​បែ​បណា​នេះ​គ្រាន់​តែ​ជា​ការ​គិត​មួយ​ប៉ុណ្ណោះ ។
ទី​ភ្នាក់​ងារ​ថាម​ពល​អន្តរ​ជាតិ (IEA) បាន​ប្រកាស​​អាសន្ន​ថា ថ្លៃ​ប្រេង​កំពុង​កើន​ខ្ពស់​ឈាន​ដល់​តំបន់​គ្រោះ​ថ្នាក់​​ដែល​អាច​ប៉ះ​ពាល់​ ​ដល់​ការ​រីក​ចំរើន​​ផ្នែក​សេដ្ឋ​កិច្ច​​របស់​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​នានា ​ក្នុង​ឆ្នាំ​២០១១ ។ ​លោក​ហ្វា​ទី ប៊ី​រ៉ុល ប្រធាន​​​សេដ្ឋ​​វិទូ​របស់ IEA បាន​បញ្ជាក់​ប្រាប់​កាសែត «ហ្វាយ​ណេន​ស្យល​ថែម» ថា «ថ្លៃ​ប្រេង​កំពុង​ឈាន​ចូល​កំរិត​​គ្រោះ​ថ្នាក់​សំរាប់​សេដ្ឋ​កិច្ច​នៅ​ ទូទាំង​ពិភព​លោក ។ ការ​​​នាំ​ចូល​ប្រេង​កំពុង​គ្រោះ​ថ្នាក់​​​ដល់​​​ការ​រីក​ចំរើន​ផ្នែក​​ សេដ្ឋ​កិច្ច។​នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ដល់​ប្រទេស​ដែល​នាំ​ចូល​ប្រេង និង​ផលិត​ប្រេង» ។
កាសែត «ហ្វាយ​ណេន​ស្យល​ថែម» ដែល​យោង​តាម​ការ​វិភាគ​របស់ IEA គូស​បញ្ជាក់​​ថា ក្នុង​ឆ្នាំ​២០១០ កន្លង​មក តំលៃ​​នាំ​ចូល​ប្រេង​ក្នុង​៣៤​ប្រទេស ​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រតិ​បត្តិ​ការ និង​អភិវឌ្ឍន៍​​ផ្នែក​សេដ្ឋ​កិច្ច (OECD) បាន​កើន​ខ្ពស់​ពី​២០០​ពាន់​លាន​​ដុល្លារ ដល់​៧៩០​ពាន់​លាន​ ដុល្លារ ។ លោក​ប៊ី​រ៉ុល​បញ្ជាក់​ថា ថ្លៃ​ប្រេង​ខ្ពស់​បែប​នេះ គ្មាន​ប្រយោជន៍​​ដល់​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​​អ្នក​នាំ​ចេញ​​ប្រេង​ក៏​ត្រូវការ​អតិថិ​ជន​ដែល​មាន​សេដ្ឋ​កិច្ច​ល្អ ប៉ុន្តែ​​ថ្លៃ​ប្រេង​កើន​ខ្ពស់​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​សេដ្ឋ​កិច្ច​ដែល ​រក​កល់​ធ្លាក់​ចុះ​ ។ លោក​ប៊ីរ៉ុល បញ្ជាក់​បន្ថែម​​ទៀត​ថា ក្នុង​រយៈ​ពេល​ខ្លី​អ្នក​​ផលិត​ប្រេង​គួរ​​បង្កើន​បរិ​មាណ​​​ផលិត​ប្រេង និង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យោ​គ​យល់​ដែល​ថា ថ្លៃ​ប្រេង​កើន​ខ្ពស់​គ្មាន​លទ្ធ​ផល​​ល្អ​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក​ទាំង​ មូល ៕
                                                                                                         រាជធានីភ្នំពេញ
                                                                                                                 
                                                                                         ថ្ងៃ អាទិត្យ ទី ៩ ខែ មករា ឆ្នាំ ២០១១

No comments:

Post a Comment