គួរកត់សំគាល់ថា តំលៃប្រេងជាប់ឯតទគ្គកម្មបានឡើងថ្លៃ រហូតដល់ប្រេងសាំង១លីត្រថ្លៃ៥.៧០០រៀល និងឧស្ម័ន១ធុងថ្លៃ៣៥ដុល្លារទៅ៣៦ដុល្លារ ។ បើក្រឡេកមើលទៅទីផ្សារអន្តរជាតិវិញ តំលៃប្រេងឆៅហាក់បានចុះបន្តិចគិតត្រឹមថ្ងៃទី៥ មករា ដែលក្នុង១ធុង ឬ១បារ៉ែល តំលៃ៨៩,២៩ដុល្លារ និងឧស្ម័នថ្លៃ៤,៦ដុល្លារ មួយលាន BTU ។ ជាទូទៅ កង្វល់ពីតំលៃប្រេងឥន្ធនៈជាបញ្ហាចៀសមិនផុត ហើយបើតាមការទស្សន៍ទាយថា នឹងគ្មានស្រកស្រុតច្រើនទេ និងឡើងវិញរហូតដល់ជាង១០០ដុល្លារក្នុង១ធុង ឬ១បារ៉ែល ។
សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានព្រមាន ដល់ក្រុមហ៊ុនរុករកប្រេងឆេវរុន ក្នុងការយឺតយ៉ាវមិនអាចទាញផលពីប្រេងកាតដែលរុករកឃើញ ដោយបានកំណត់ឱ្យមានការយកផលប្រេងកាតមកប្រើប្រាស់ឱ្យបានក្នុង ឆ្នាំ២០១២ ហើយតាមប្រភពព័ត៌មានថា ក្រុមហ៊ុនបានទទួលសំរាប់ប្រតិបត្តិការរបស់ខ្លួនហើយ ។ នេះជាក្តីសង្ឃឹមតែមួយគត់ដែលថា តំលៃប្រេងឥន្ធនៈក្នុងស្រុកអាចមានកំរិតប្រហាក់ប្រហែលតំលៃប្រេង របស់ប្រទេសថៃនិងវៀតណាមដែលបច្ចុប្បន្នមានកំរិតទាបជាងកម្ពុជា ។ ទោះបីជាបែបណានេះគ្រាន់តែជាការគិតមួយប៉ុណ្ណោះ ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសអាសន្នថា ថ្លៃប្រេងកំពុងកើនខ្ពស់ឈានដល់តំបន់គ្រោះថ្នាក់ដែលអាចប៉ះពាល់ ដល់ការរីកចំរើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០១១ ។ លោកហ្វាទី ប៊ីរ៉ុល ប្រធានសេដ្ឋវិទូរបស់ IEA បានបញ្ជាក់ប្រាប់កាសែត «ហ្វាយណេនស្យលថែម» ថា «ថ្លៃប្រេងកំពុងឈានចូលកំរិតគ្រោះថ្នាក់សំរាប់សេដ្ឋកិច្ចនៅ ទូទាំងពិភពលោក ។ ការនាំចូលប្រេងកំពុងគ្រោះថ្នាក់ដល់ការរីកចំរើនផ្នែក សេដ្ឋកិច្ច។នេះជាសញ្ញាប្រកាសអាសន្នដល់ប្រទេសដែលនាំចូលប្រេង និងផលិតប្រេង» ។
កាសែត «ហ្វាយណេនស្យលថែម» ដែលយោងតាមការវិភាគរបស់ IEA គូសបញ្ជាក់ថា ក្នុងឆ្នាំ២០១០ កន្លងមក តំលៃនាំចូលប្រេងក្នុង៣៤ប្រទេស ជាសមាជិកអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច (OECD) បានកើនខ្ពស់ពី២០០ពាន់លានដុល្លារ ដល់៧៩០ពាន់លាន ដុល្លារ ។ លោកប៊ីរ៉ុលបញ្ជាក់ថា ថ្លៃប្រេងខ្ពស់បែបនេះ គ្មានប្រយោជន៍ដល់អ្នកណាម្នាក់ឡើយ ព្រោះអ្នកនាំចេញប្រេងក៏ត្រូវការអតិថិជនដែលមានសេដ្ឋកិច្ចល្អ ប៉ុន្តែថ្លៃប្រេងកើនខ្ពស់អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែល រកកល់ធ្លាក់ចុះ ។ លោកប៊ីរ៉ុល បញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលខ្លីអ្នកផលិតប្រេងគួរបង្កើនបរិមាណផលិតប្រេង និងបង្ហាញឱ្យឃើញពីការយោគយល់ដែលថា ថ្លៃប្រេងកើនខ្ពស់គ្មានលទ្ធផលល្អដល់សេដ្ឋកិច្ចពិភពលោកទាំង មូល ៕
រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ ទី ៩ ខែ មករា ឆ្នាំ ២០១១
No comments:
Post a Comment